ដល់ពេលឆ្លើយដាក់គ្នា ? មេ EDC ថា ការដាច់ចរន្តអគ្គិសនីមិនមែនមកពីខ្វះភ្លើងទេ គឺដោយសាររថយន្តធំៗបើកបរប៉ះខ្សែបញ្ជូនចរន្តតង់ស្យុងខ្ពស់
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ
ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញបានជួបប្រទះនឹងភាពរអាក់រអួល
និងកាត់ផ្តាច់តែម្តង (ដាច់ភ្លើង) អស់រយៈពេលច្រើនដង
និងម្តងៗច្រើននាទីទៀតផង ខណៈមេក្រុមហ៊ុនអគ្គិសនីកម្ពុជា (EDC)
បកស្រាយថា
ការដាច់ភ្លើងនៅរាជធានីភ្នំពេញនារយៈពេលចុងក្រោយនេះមិនមែនមកពីកត្តាខ្វះភ្លើងទេ
គឺមកពីរថយន្តធំៗភាគច្រើនរបស់ក្រុមហ៊ុនសំណង់បើកបរប៉ះខ្សែបញ្ជូនចរន្តកម្រិតតង់ស្យុងខ្ពស់ទើបធ្វើឲ្យដាច់ភ្លើង
។
ឯកឧត្តម កែវ រតនៈ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
មានឋានៈស្មើរដ្ឋលេខាធិការតែមិនគិតប្រាក់ខែ
និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាបានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី២៧
ខែមិថុនា ឆ្នាំ២០១៧នេះឲ្យដឹងថា
«ការដាច់ភ្លើងមួយរយៈនេះនៅរាជធានីភ្នំពេញ
មិនមែនមកពីការខ្វះភ្លើងនោះទេ
គឺដោយសារមានអ្នកបើកបររថយន្តធុនធំភាគច្រើនជាក្រុមហ៊ុនសំណង់ប៉ះទៅលើខ្សែបញ្ជូនចរន្តដែលមានតង់ស្យុងកម្រិតខ្ពស់»
។
ព័ស្តុងមួយបានបង្ហាញថា នៅវេលាព្រឹកនាថ្ងៃទី២៧ ខែមិថុនា
ឆ្នាំ២០១៧នេះ មានរថយន្តធុនធំរបស់ក្រុមហ៊ុនសំណង់មួយម៉ាក Hyundai
ពាក់ស្លាកលេខភ្នំពេញ 3D-6843
បានចរាចរណ៍ទៅប៉ះនឹងខ្សែបញ្ជូនចរន្តអគ្គិសនីផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញមានតង់ស្យុងខ្ពស់កម្រិត១១៥KV
ទើបបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅម្តុំផ្សារតូច សង្កាត់ទួលសង្កែ
ខណ្ឌឫស្សីកែវ រហូតដល់ព្រែកព្នៅ ។
ទោះយ៉ាងណា ខាងក្រុមហ៊ុន EDC
បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញចូលរួមសហការដោះស្រាយបញ្ហានេះដើម្បីឈានទៅបង្ការទប់ស្កាត់ការដាច់ចរន្តអគ្គិសនីដោយសារសកម្មភាពចរាចរណ៍របស់រថយន្តធុនធំទាំងនោះ
ដែលប៉ះពាល់ដល់ខ្សែបញ្ជូនចរន្តអគ្គិសនីកម្រិតតង់ស្យុងខ្ពស់ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបញ្ចេញមតិយោបល់ថា
កន្លងមកក៏ដូចជាបច្ចុប្បន្នជារឿយៗឮតែសូរប្រកាសថា
អាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឲ្យរថយន្តធុនធំចរាចរណ៍ចូលមកក្នុងរាជធានីភ្នំពេញទេ
(រួមទាំងទីតាំងឃ្លាំងរបស់ក្រុមហ៊ុនសំណង់នានាផង)
ចុះហេតុអ្វីនៅតែឃើញមានសកម្មភាពចរាចរណ៍របស់រថយន្តធុនធំទាំងនោះដដែល
ហើយថែមទាំងរហូតធ្វើឲ្យក្រុមហ៊ុន EDC ចោទប្រកាន់ថា
មកពីរថយន្តធុនធំចរាចរណ៍ប៉ះខ្សែបញ្ជូនចរន្តអគ្គិសនីកម្រិតតង់ស្យុងខ្ពស់ទើបណ្តាលឲ្យដាច់ភ្លើងទៀតផង
តើមិនមកពីផលប្រយោជន៍ទេឬយ៉ាងណា
ឬបណ្តាក្រុមហ៊ុនមានរថយន្តធំៗទាំងនោះមិនញញើតនឹងអំណាចរបស់អាជ្ញាធររាជធានីភ្នំពេញ
? ៕